ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ២១គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ (ASIAN Regional Championship Southeast Asia) ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ក្នុងចំណោមអត្តពលិកជាតិទាំង១២រូប ដែលត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ខាងលើនេះ កម្ពុជាប្រជែងបានមេដាយមាស ៩គ្រឿង ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៨គ្រឿង។
ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបញ្ជាក់ថា ៖ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុម។ សមត្ថភាពដ៏ល្អ និងជោគជ័យជាបន្តបន្ទាប់ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងបង្ហាញពីការលះបង់ ក៏ដូចជាការប្រឹងប្រែងរបស់ពួកគេ។ ខ្ញុំសូមចូលរួមអបអរដល់អត្តពលិកជាតិដ៏ឆ្នើមរបស់ពួកយើង និងក្រុមការងារគ្រូបង្វឹកចំពោះការឈ្នះមេដាយ២១គ្រឿងនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះ CamEd Business School និង CMAC Jiu Jitsu Club សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការបញ្ជូនអត្តពលិករបស់ពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាអ្នកឧបត្ថម្ភធំរបស់យើង ដូចជា Naga Balm , Dai Ek, Alpha Fitness, និង Kiri Jiu Jitsu សម្រាប់ការធ្វើឱ្យការចូលរួមរបស់យើងអាចប្រព្រឹត្តទៅបាន។
គួរបញ្ជាក់ថា ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia 2024 ក្នុងប្រទេសឥណ្ឌូណេស៊ី មាន ៦ប្រទេសចូលរួម សរុបអត្តពលិក ២៥៨នាក់៕