ព័ត៌មានជាតិ

នារីម្នាក់ទំនងជាប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើស្ពានប្ញស្សីកែវ តែត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ឃាត់ទាន់

នារីវ័យក្មេងម្នាក់ ដែលត្រូវបានគេដឹងថា ជាអ្នកបម្រើការងារនៅតាមផ្ទះក្នុងខណ្ឌជ្រោយចង្វារ ដែលមានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ ទំនងជាប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានប្ញស្សីកែវ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចគល់ស្ពានប្ញស្សីកែវ ត្រើយខាងកើត ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញនារីខាងលើ មានទឹកមុខស្រងូតស្រង៉ាត់ ក្នុងដៃមានយួរកាបូបខោអាវមួយចំនួន១ ដើរសំដៅឡើងទៅលើស្ពានប្ញស្សីកែវ។ ពេលដើរដល់លើស្ពាននោះ ក៏បានដាក់កាបូបខោអាវចុះ រួចដើរទៅតោងឡើងអង្គុយលើបង្កាន់ដៃស្ពាន និង យំសោក ទំនងជាប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយលោតទឹកសម្លាប់ខ្លួន។

នៅពេលកម្លាំងសន្តិសុខក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ឃើញនារីខាងលើធ្វើដូច្នេះ ក៏បាននាំគ្នាទៅជួយឃាត់នារីនោះ បានទាន់ពេលវេលា ហើយក៏បាននាំរូបនាង ចុះមកលើសួនច្បាររង្វង់មូលនាងមច្ឆា ដើម្បីសួរនាំ ក៏ប៉ុន្តែនាងពុំព្រមនិយាយស្តីអ្វីឡើយ ដោយគិតតែពីយំរៀបរាប់ មិនចង់រស់នៅឡើយ។

នារីវ័យក្មេង ដែលប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើ ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុន OCIC  នាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីណែនាំ និង ទាក់ទងទៅក្រុមគ្រួសារ ឲ្យមកទទួលយកត្រឡប់ទៅវិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button