ព័ត៌មានជាតិ

និស្សិតម្នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ បុកខឿនក្បាលសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងនៅត្រង់ចំណុចផ្លូវភ្លោះ

កាលពីថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួស ចំណែកឯរថយន្តវិញ រងការខូចខាត ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវភ្លោះ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក  តូយ៉ូតា ព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 2A-8084 បើកបរដោយបុរសម្នាក់ ជានិស្សិត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុល្បឿនលឿន

ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវកោង គេចម៉ូតូចំនួន១គ្រឿង ជ្រុលទៅបុកផ្ទប់នឹងខឿនក្បាលសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះពោងសុវត្ថិភាពចេញមកក្រៅ រងការខូចខាតមួយកំណាត់ផ្នែកខាងមុខ ចំណែកឯអ្នកបើកបរវិញ រងរបួសចុកត្រង់ទ្រូង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត ដើម្បីជួយសង្គ្រោះ។

ក្រោយពេលកើតហេតុ រថយន្តរបស់ជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការវាស់វែង និង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button