ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ករណីឃាតកម្មបងប្រុសសម្លាប់ប្អូនប្រុសបង្កើតដោយយកចបជីកដែកសំពងក្បាល៣កន្លែងស្លាប់ថ្លក់ឈាមហើយគេចខ្លួនបាត់ ។
ជនដៃដល់ជាបងប្រុសបង្កើតឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកើតហេតុ ។ ចំណែកជនរងគ្រោះជាប្អូនបង្កើតឈ្មោះ ស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំមុខរបបលក់បាយ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ករណីឃាតកម្ម នេះ បងប្រុសយកចបជីកដែកវាយក្បាលសម្លាប់ប្អូនប្រុសនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ដោយដៃដល់ជាបងប្រុស និងជនរងគ្រោះជាប្អូនប្រុសពៅ ។ ក្រោយយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយ ជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទះអ្នកជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ ចំណែកស្ត្រីជាម្តាយស្រែកទ្រហូរយំមកមើលកូននៅផ្ទះ និងស្រែកឱ្យអ្នកជិតខាងជួយ។
មូលហេតុដែលបងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើតនេះ គឺប្អូនប្រុសពៅឈ្មោះ ស្រង់ នេត្រា បានធ្វើផ្ទះឱ្យម្តាយស្នាក់នៅ ក្រោយឪពុកបានចែកឋានទៅ ហើយឈ្មោះ ស្រង់ សុវណ្ណ បាននាំប្រពន្ធកូនមករស់នៅជាមួយម្តាយ ក៏មានរឿងឈ្លោះប្រកែកគ្នា និងធ្លាប់ប្រមាថរកសម្លាប់ប្អូនប្រុសពៅ និងបានប្តឹងផ្តល់នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានធ្វើកិច្ចសន្យា១ដងទៅ២ដងរួចមកហើយ ។
បងស្ត្រីបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ស្រង់ នេត្រា ត្រូវជាប្អូនពៅបានទៅលេងផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុកឱ្យម្តាយរស់នៅ ហើយក៏មានការឈ្លោះប្រកែកគ្នា នៅពេលម្តាយមិនបាននៅផ្ទះ ទៅលេងផ្ទះអ្នកជិតខាង ។ ខណៈពេលឈ្លោះគ្នា ត្រូវបានជនដៃដល់ជាបងប្រុសចាក់សោមុខផ្ទះ ហើយយកចបជីកដែកវាយក្បាលប្អូនប្រុសពីក្រោយចំនួន៣ចប បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់បានដើរទៅប្រាប់ម្តាយថារូបគេវាយសម្លាប់ប្អូននៅផ្ទះ បន្ទាប់មកជនដៃដល់ជាបងបានរត់គេចខ្លួនបាត់។
កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យធ្វើកោសល្យវិច័យ ដោយរកឃើញជនរងគ្រោះដែលមានស្នាមរបួសក្បាលផ្នែកខាងក្រោយ៣កន្លែង ។ កម្លាំងនគរបាលបានបញ្ជាក់ថាជាករណីឃាតកម្មបងប្រុសបង្កើតយកចបជីកដែកវាយសម្លាប់ប្អូនបង្កើត ខណៈកំពុងគេចខ្លួន ត្រូវកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួន ៕