ទំនប់វារីអគ្គិសនី Arbaat នៅភាគខាងកើត នៃប្រទេសស៊ូដង់ បានបាក់កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យទឹកជំនន់លេចយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦០នាក់ និង រាប់រយនាក់ផ្សេងទៀត កំពុងបាត់ខ្លួន នេះបើយោងតាមមន្ត្រីស៊ូដង់ម្នាក់ បានរាយការណ៍កាលពីថ្ងៃចន្ទ។
លោក Omer Issa Tahir ប្រធានសាជីវកម្មទឹករបស់រដ្ឋ Red Sea State បានបន្ថែមថា ការបាក់ទំនប់វារីអគ្គិសនីនេះ បានបំផ្លិចបំផ្លាញភូមិនានានៅជិតទីក្រុង Port Sudan ដែលជាទីក្រុងរបស់រដ្ឋ។
លោកបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការអន្តរាគមន៍នៅតំបន់វារីអគ្គិសនី និង ភូមិជុំវិញ ដោយបង្ហាញពីហានិភ័យដូចជាខ្យាដំរី និង ពស់ចឹកសម្រាប់អ្នកដែលឡើងភ្នំ ដើម្បីគេចពីទឹក។
លោក Tahir បាននិយាយបន្ថែមទៀតថា “អាទិភាពគឺត្រូវជម្លៀសអ្នកដែលជាប់ដោយការជន់លេច” ដោយបន្ថែមថា ក្រុមជួយសង្គ្រោះកំពុងធ្វើការ ដើម្បីទៅជួយពួកគេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការបាក់ទំនប់វារីអគ្គិសនីនេះ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទឹកជន់លេចពេញទៅដោយភក់ ដោយបំផ្លាញភូមិនៅជិតៗនោះ និង ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការលំបាក។
ទំនប់វារីអគ្គិសនី ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង Port Sudan មានអាងស្តុកទឹក ដែលមានសមត្ថភាព២៥លានម៉ែត្រគូប និង ជាប្រភពទឹកដ៏សំខាន់សម្រាប់ទីក្រុង។
អង្គការសហប្រជាជាតិរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និង ការជំន់លេច បានប៉ះពាល់ដល់មនុស្សប្រហែល៣១៧,០០០នាក់ នៅទូទាំងប្រទេស ដែលហែកហួរដោយសង្គ្រាមចាប់តាំងពីខែមិថុនា។ អាជ្ញាធរឧតុនិយមស៊ូដង់រំពឹងថា ភ្លៀង និង ការជន់លេច នឹងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា។
ការជន់លេចគឺជាបញ្ហាកើតឡើងដដែលៗនៅក្នុងប្រទេសស៊ូដង់ ដែលជាធម្មតាកើតឡើងនៅចន្លោះខែមិថុនាដល់ខែតុលា។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឱ្យបាត់បង់ជីវិត និង ខូចខាតដីកសិកម្មយ៉ាងច្រើន។
រដូវវស្សាឆ្នាំនេះ បានធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ូដង់កាន់តែធ្ងន់ធ្ងរឡើង ដែលកំពុងប្រឈមមុខនឹងជម្លោះដ៏ធ្ងន់ធ្ងរ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។
យោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ជម្លោះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៦,៦៥០នាក់ បានបាត់បង់ជីវិត។ មនុស្សប្រមាណ១០.៧លាននាក់ ឥឡូវនេះ ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក នៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល២.២លាននាក់ផ្សេងទៀត កំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤