មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា និងដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អាមេរិកលើប្រទេសយេម៉ែន។
បាតុកររាប់ពាន់នាក់បានដើរតាមផ្លូវនៃរដ្ឋធានីសាណានៃប្រទេសយេម៉ែន ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន និងតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់ប្រទេសលោកខាងលិចលើប្រទេសយេម៉ែន ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែបន្ត។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Al Jazeera លោក Mohammed al-Attab ដែលរាយការណ៍ពីកន្លែងកើតហេតុនៃការតវ៉ាកាលពីថ្ងៃសុក្របាននិយាយថា មានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្ស បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រសង្រ្គាមរបស់អ៊ីស្រាអែល ហើយបានសន្យាថានឹងបន្តចាំជួយ “បងប្អូនរបស់ពួកគេនៅប៉ាឡេស្ទីន” ។
ក្រុមបាតុករក៏បានស្រែកប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន និងខ្លះបានរិះគន់សហរដ្ឋអាមេរិក ដែលចាត់ទុកក្រុមឧទាមហូទីជា “ក្រុមភេរវករ”។
កាលពីថ្ងៃពុធរដ្ឋបាល លោក បៃដិន បានចាត់បញ្ចូលក្រុមឧទាមហូទីរបស់យេម៉ែនម្តងទៀត ជាក្រុម “ភេរវករសកលដែលបានចាត់តាំងជាពិសេស” ជុំវិញការវាយប្រហាររបស់ក្រុមឧទ្ទាមនៅសមុទ្រក្រហមលើកប៉ាល់ ដែលខ្លួននិយាយថា មានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែល។
ជាការឆ្លើយតបទៅនឹងការវាយប្រហារលើការដឹកជញ្ជូន ដែលបានរំខានដល់ពាណិជ្ជកម្មតាមសមុទ្ររវាងអាស៊ី និងអឺរ៉ុប សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារលើទីតាំងនានាក្នុងប្រទេសយេម៉ែនចាប់តាំងពីសប្តាហ៍មុន។
ក្រុមឧទាមហូទីនិយាយថា ការវាយប្រហាររបស់ពួកគេលើកប៉ាល់ នឹងបន្តរហូតដល់សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាឈប់។
យោងតាមទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមឧទាមហូទី បានឱ្យដឹងថា ការប្រមូលផ្តុំផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានធ្វើឡើងផងដែរនៅក្នុងទីក្រុង Hodeidah ភាគខាងលិចប្រទេសយេម៉ែននៅក្នុងខេត្ត Hajjah និង Saada នៃភាគពាយ័ព្យនៃប្រទេសយេម៉ែន នៅខេត្ត Taiz ភាគនិរតី និងនៅក្នុងខេត្ត Al-Bayda ភាគកណ្តាលនៃប្រទេសយេម៉ែននៅថ្ងៃសុក្រ៕
ប្រភព៖ AL JAZEERA, ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤