នៅថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋាភិបាលបារាំង លោកប្រធានាធិបតីបារាំង ម៉ាក្រុង បាន ប្រកាសផ្តល់ជំនួយ ២០០លានអឺរ៉ូ ក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត នៅកម្ពុជា ។
លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
លោកប្រធានាធិបតី ម៉ាក្រុង បានលើកឡើងថា «ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង ពេលនេះ គឺជាឱកាសមួយ ដែល យើងអាចមានលទ្ធភាព ដើម្បី បង្កើតគម្រោងថ្មីៗទៀត ជាមួយក្រុមហ៊ុនយើងខ្ញុំ ហើយសម្តេច មានឱកាសបានជជែក ផ្លាស់ប្តូរយោបល់ ជាមួយក្រុមហ៊ុនជាច្រើន ជាពិសេសក្នុងវិស័យ ថាមពល ដឹកជញ្ជូន និងហេដ្ឋា រចនាសម្ព័ន្ធ ។ យើងនឹងជជែក គ្នា នៅទីនេះ អំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ ជូនសម្តេចនូវមធ្យោបាយ និងជំនាញចាំបាច់នានា ដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារ អភិវឌ្ឍន៍បារាំង ដែល នៅក្នុងសប្តាហ៍នេះ បានសន្យាចាយកញ្ចប់ ២០០លានអឺរ៉ូ ក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត»។
លោកប្រធានាធិបតី ម៉ាក្រុង បន្ថែមថា «យើងជឿជាក់យ៉ាងខ្លាំង ទៅលើសក្តានុពលដ៏ធំធេង របស់កម្ពុជា និងប្រជាជនកម្ពុជា ដែលបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្សរ៍កន្លងមក បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគមន៍អន្តរជាតិ។ ខ្ញុំ នៅទីនេះ សូមកោតសរសើរវិភាគទានរបស់ កម្ពុជា ក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាប្រវត្តិសាស្ត្រ ដែល ជាវិភាគទាន ធំ នៅអាស៊ី។ ការរួម ចំណែក ជាប្រវត្តិសាស្ត្រនោះ ក្នុងច្បាប់អន្តរជាតិ បង្កើតលក្ខខ័ណ្ឌសមរម្យ ក្នុងសន្តិភាពនៅកម្ពុជា។ កាលពីឆ្នាំមុន យើងនៅទីនេះ ក៏បាន បង្ហាញជំហរជាមួយ នាយករដ្ឋមន្ត្រី មុន អំពីជំហររបស់ កម្ពុជា ថ្កោលទោសយ៉ាងម៉ឹងម៉ាត់ចំពោះ ការទម្លាក់គ្រាប់បែករបស់ រុស្ស៊ី ទៅលើលំនៅដ្ឋានរបស់ជនស៊ីវិល នៅអ៊ុយក្រែន។ ជំហរដ៏ក្លាហាន របស់ប្រទេសសម្តេច គឺជាទឡ្ហីករណ៍ដ៏ច្បាស់ក្រឡែត បង្ហាញថា បញ្ហាពាក់ព័ន្ធនឹងជម្លោះនេះ វាហួសពីព្រំដែនអឺរ៉ុបទៅហើយ។ ខ្ញុំលើកឡើងពីច្បាប់ អន្តរជាតិនេះ គឺដើម្បីកោតសរសើរការប្តេជ្ញា របស់សម្តេច នៅចំពោះមុខតុលាការ អន្តរជាតិ។ យើងខ្ញុំសង្ឃឹមថា ជំហរប្រកាន់ខ្ជាប់របស់កម្ពុជា ក្នុងការគោរពច្បាប់ សេរីភាព ដែលដកបទពិសោធន៍ចេញពី ប្រវត្តិសាស្ត្រ ដ៏សោកនាដកម្ម នៅតែជារឿងសំខាន់ នៅក្នុងសកម្មភាពរបស់សម្តេច »៕