ព័ត៌មានជាតិ

បុគ្គលិករបស់ក្រុមហ៊ុនអគ្គីសនីឯកជនម្នាក់ ត្រូវបានចរន្តអគ្គីសនីឆក់ក្នុងពេលកំពុងបំពេញការងារ

នៅថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នេះ បុគ្គលិកបណ្ដាញអគ្គីសនីឯកជនម្នាក់របស់ ក្រុមហ៊ុន SNKRP ត្រូវបានចរន្តអគ្គីសនីបណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលដែលកំពុងតែចុះបំពេញការងារ ដែលមានទីតាំងស្ថិនៅតាមបណ្តោយផ្លូវហាយវ៉េ ភូមិជុំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងបង្គោលខ្សែភ្លើង ដើម្បីធ្វើការតបណ្តាញខ្សែភ្លើង។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានការផ្ទុះឆ្លងចរន្តអគ្គិសនី ចេញពីបង្គោលខ្សែភ្លើងមួយផ្សេងទៀតនៅក្បែរគ្នា ធ្វើចរន្តអគ្គីសនី ឆក់ឆេះជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ 

ក្រោយពេលកើតហេតុ ក្រុមការងាររបស់ជនរងគ្រោះខាងលើនេះ បានសហការគ្នាឡើងទៅជួយសង្គ្រោះ យកជនរងគ្រោះចុះមកខាងក្រោមវិញ។ បន្ទាប់មកក៏ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់៕

អត្ថបទពាក់ព័ន្ធ

Back to top button