ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬ យោធា

កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយ លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬ យោធា ដែលប្រព្រឹត្តនៅ ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន÷ ឯកសណ្ឋានពណ៌ទឹកប៊ិចមានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន១កំប្លេរ, ស្បែកជើងកវែងចំនួន១គូរ, ស្បែកជើងកខ្លីចំនួន១គូ, មួកឆាងពណ៌ទឹកប៊ិចចំនួន១, មួកប៉េរ៉េចំនួន១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន១, ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន១, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន១, ពិលពណ៌ខ្មៅចំនួន១, ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១, កាបូបដាក់ប្រាក់ចំនួន១ និង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថនៅ ចំណុចខាងលើ និង បានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីចុះទៅពិនិត្យមើល។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និង បាននាំឈ្មោះ គុជ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថពិតប្រាកដមែន ខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button