អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទិកឆ្ពោះទៅកាន់ទិសខាងកើត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency របស់ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងក៏បាននិយាយបន្ថែមទៀតផងដែរថា ខ្លួនបានរកឃើញការបាញ់នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងការបាញ់នេះទេ ដោយគ្រាន់តែនិយាយថា ការវិភាគកំពុងដំណើរការ។
យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងព្យាយាមកំណត់ថា តើមីស៊ីលប៉ាលីស្ទិកនេះហោះបានចម្ងាយប៉ុន្មាន និងជាប្រភេទមីស៊ីលអ្វី ?
កាលពីថ្ងៃពុធសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងក៏បានបាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅកាន់សមុទ្រជប៉ុនផងដដែរ ហើយប្រទេសនេះបាននិយាយថា ខ្លួនបានធ្វើការសាកល្បងដោយជោគជ័យនូវសមត្ថភាពរបស់ខ្លួនក្នុងការបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើន ក៏ប៉ុន្តែយោធាកូរ៉េខាងត្បូងជឿថា ការបាញ់នេះពិតជាបរាជ័យ។
ការបាញ់មីស៊ីលប៉ាលីស្ទិកចុងក្រោយនេះ កើតឡើងបន្ទាប់ពីការបាញ់មីស៊ីលប៉ាលីស្ទិករបស់ប្រទេសកូរ៉េខាងជើងឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃពុធ។
ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើការសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើនដោយជោគជ័យ ក៏ប៉ុន្តែប្រទេសកូរ៉េខាងត្បូងវិញ បានច្រានចោលការអះអាងនេះ ដោយនិយាយថា ការបាញ់នេះ គឺត្រូវបានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីមីស៊ីលបានផ្ទុះនៅកណ្តាលអាកាស៕