ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប។
ប្រភពសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិនថា សាកសពទាំងនេះ ពីមុនត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom នៅភាគខាងត្បូង នៃតំបន់ ហ្គាហ្សា ស្ទ្រីប ដោយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម។
ប្រភពដដែល បាននិយាយថា សាកសព ត្រូវបានដាក់នៅក្នុងថង់ផ្លាស្ទិក ដែលមានលេខសៀរៀល ក៏ប៉ុន្តែមិនមានព័ត៌មានណាមួយអំពីប្រភពដើម ទីតាំង ដែលយក ឬ ទីកន្លែង ដែលបានសម្លាប់នោះទេ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ភាគីអ៊ីស្រាអែល បានចាប់ពង្រត់សាកសព នៃជនរងគ្រោះជាង២,០០០នាក់ ដែលត្រូវបានសម្លាប់ ពីកន្លែងបញ្ចុះសពរាប់សិបកន្លែងនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ក្នុងរយៈពេល ៣០៤ថ្ងៃ នៃជម្លោះ ដែលបានកើតឡើង។
សេចក្តីថ្លែងការណ៍មួយ បានអំពាវនាវឱ្យមានការបង្កើតការស៊ើបជាអង្កេតអន្តរជាតិមួយដោយឯករាជ្យមួយ លើការចាប់ពង្រត់សាកសពទាំងនេះ ហើយអ្វីដែលប្រភពសន្តិសុខប៉ាឡេស្ទីននិយាយ គឺជា “ការលួចសរីរាង្គសំខាន់ៗរបស់សាកសព នៃជនរងគ្រោះ”។
មិនទាន់មានការអត្ថាធិប្បាយណាមួយភ្លាមៗពីយោធាអ៊ីស្រាអែលជុំវិញការប្រគល់សាកសពនេះនៅឡើយទេ។
កាលពីមុនកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានយកសាកសពរាប់សិបនាក់ចេញពីតំបន់ហ្គាហ្សា ដើម្បីធ្វើតេស្តអាដេអិន (ADN) ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីមើលថាតើមានចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែរឬទេ។
សាកសពដែលបានប្រគល់មកវិញ ត្រូវបានបញ្ចុះកាលពីថ្ងៃចន្ទ ក្នុងផ្នូរដ៏ធំមួយនៅទីបញ្ចុះសពតួកគី ក្នុងទីក្រុង Khan Younis ភាគខាងត្បូង នៃតំបន់ ហ្គាហ្សា ស្ទ្រីប។
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដើម្បីសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែន ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេល ដែលមនុស្សប្រហែល១,២០០នាក់ ត្រូវបានសម្លាប់ និង ប្រហែល២៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤