ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានដល់រដ្ឋធានីប៉េកាំងនៃប្រទេសចិន ក្នុងដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីបានជាប់ឆ្នោតជាថ្មី និង ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី។
លោក ពូទីន កំពុងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ អនុលោមតាមពិធីសាររការទូត ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ត្រូវបានចាត់ទុកថា ជាឋានៈខ្ពស់បំផុតក្នុងចំណោមដំណើរទស្សនកិច្ចក្រៅប្រទេសផ្សេងទៀត។ លោក Yury Ushakov ជំនួយការគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្សីបាននិយាយថា ប្រទេសចិនមិនត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីនោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងកាយវិការនៃមិត្តភាព ដែលធ្វើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីឆ្នាំមុន។
ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ នឹងត្រូវបានធ្វើឡើងជាពីរដំណាក់កាល។ ប្រធានាធិបតីរុស្ស៊ីគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង និង ទីក្រុងហាប៊ីន។
នៅទីក្រុងប៉េកាំង លោក ពូទីន នឹងជួបជាមួយ លោក ស៊ី។ ប្រធានាធិបតីទាំងពីរប្រទេស ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាមួយទល់នឹងមួយយ៉ាងពេញលេញ និង អ្នកដែលពាក់ព័ន្ធនឹងគណៈប្រតិភូ ក៏ដូចជាការពិភាក្សាទល់មុខគ្នាក្រៅផ្លូវការផងដែរ។ ប្រធានាធិបតីរុស្ស៊ីបានដឹកនាំគណៈប្រតិភូដ៏ធំមួយ ក្នុងនោះមានឧបនាយករដ្ឋមន្ត្រីចំនួនប្រាំនាក់ ប្រធានទីភ្នាក់ងារសេដ្ឋកិច្ច ការទូត និង សន្តិសុខ ព្រមទាំងប្រធានសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ផ្លូវដែករុស្ស៊ី Rosatom និង Roscosmos ផងដែរ។ លើសពីនេះទៀត មន្ត្រីជាន់ខ្ពស់មកពីតំបន់ចំនួន២០ នៃប្រទេសរុស្ស៊ីបានមកជាមួយប្រធានាធិបតីដូចគ្នា។
កិច្ចពិភាក្សាទ្វេភាគី គ្រោងនឹងផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច។ នៅក្នុងជំនួបនោះ លោក ពូទីន និង លោក ស៊ី ក៏នឹងពិភាក្សាអំពីបញ្ហានយោបាយ និង តំបន់ដែលមានភាពតានតឹងបំផុតផងដែរ។ លោក Ushakov បាននិយាយថា ផ្នែកសំខាន់បំផុតនៃកិច្ចពិភាក្សានៅទីក្រុងប៉េកាំង នឹងក្លាយជាកិច្ចប្រជុំក្រៅផ្លូវការ និង បិទទ្វារ។ នៅក្នុងទម្រង់ ១+៤ ភាគីម្ខាងៗ មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នាយ៉ាងសំខាន់អំពីប្រទេសអ៊ុយក្រែន។
ដំណាក់កាលទី២នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នឹងប្រព្រឹត្តទៅនៅទីក្រុង Harbin ជារាជធានី និង ទីក្រុងធំបំផុតនៃខេត្ត Heilongjiang។ នៅទីនោះ លោក ពូទីន នឹងចូលរួមក្នុងពិធីបើកវេទិការពិព័រណ៍រុស្ស៊ី-ចិនលើកទី៨ និងវេទិការុស្ស៊ី-ចិនលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរតំបន់ ហើយក៏នឹងជួបជាមួយនិស្សិត និង បុគ្គលិកបង្រៀននៃវិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីនផងដែរ។ លើសពីនេះ លោកប្រធានាធិបតីគ្រោងនឹងនិយាយជាមួយក្រុមអ្នកកាសែតនៃវិមានក្រឹមឡាំង៕ ប្រភព៖ TASS