ទេសចរណ៍សិល្បៈ និងវប្បធម៌

ប្រាសាទអង្គរវត្តស្ថិតនៅលេខរៀងទី២ ជាគោលដៅទាក់ទាញ​ទេសចរណ៍​ល្អបំផុតនៅអាស៉ី

ជាថ្មីម្ដងទៀត តំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាបានសាយភាយកេរ្តិ៍ឈ្មោះកាន់តែទូលំទូលាយ បន្ថែមទៀត ក្រោយទីតាំងបេតិកភណ្ឌពិភពលោកសំខាន់ៗមួយចំនួន បានជាប់ជាគោលដៅទាក់​ទាញ​​ទេសចរណ៍​ល្អបំផុតនៅអាសុី។​

ការវាយតម្លៃនេះត្រូវបានធ្វើឡើង​ដោយក្រុមហ៊ុន TripAdvisor ដែលជាភ្នាក់ងាររៀបចំ ដំណើរកម្សាន្ដ នៅស្ទើរតែទូទាំងពិភពលោក។

បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិ​កភណ្ឌ​ដ៏មានតម្លៃរបស់កម្ពុជា កំពុងស្ថិតនៅលេខរៀងទី២ ប្រាសាទតាព្រហ្មកំពុងស្ថិតនៅ​លេខរៀង​ទី ១៩ ប្រាសាទបាយ័នស្ថិតនៅលំដាប់ទី ២០ និងសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់​ទាញទេសចរណ៍​កំពូលនៅអាសុី។

យ៉ាងណាមិញ ការដាក់បញ្ចូលគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅក្នុងលេខរៀងល្អបែប នេះ បង្ហាញពីទំនោររបស់អ្នកទេសចរឆ្ពោះទៅរកតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងវប្បធម៌។
ដោយឡែក លទ្ធផលវាយតម្លៃដែលចេញដោយក្រុមហ៊ុន TripAdvisor គឺផ្អែកលើការការស្ទង់មតិ ពីអ្នកធ្វើដំណើររាប់លាននាក់នៅទូទាំងពិភពលោក ជាលទ្ធផលដែលស្ដែងចេញពី​ប្រជាប្រិយភាព​តំបន់ទេសចរណ៍នៅក្នុងឧស្សាហកម្មទេសចរណ៍ទាំងមូលតែម្ដង។

ដើម្បីជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែល្បីសុះសាយទៅកាន់អន្តរជាតិបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ក៏កំពុងតែដាក់ចេញនូវគោល នយោបាយជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សា​ទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងការ​សិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់​ទីផ្សារអន្តរ​ជាតិ​សំដៅ​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា។​

ការបង្កើតសមាសភាពថ្មីនេះ បានបង្ហាញពីជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុង​ការចូលរួមយ៉ាងពេញ​លេញ សំដៅ​បង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជា​កញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅ​ច្បាស់លាស់​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button