ព័ត៌មានជាតិ

ពួនស្ទាក់កាប់ប្លន់យកម៉ូតូចំនួន១គ្រឿងបានសម្រេចនៅ សង្កាត់ព្រៃស​ ខណ្ឌដង្កោ

បុរសអ្នកដឹកម្អូបអាហារម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រដាប់ដោយដាវ និង កាំបិត ពួនស្ទាក់ កាប់ប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលសូន្យឈឹង មិនដឹងទៅទីកន្លែងណាឡើយ បង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤  ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចក្បែរភ្លើងស្តុបឫស្សីផ្អែម ផ្លូវបេតុងមួយកន្លែង សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

មុនពេលកើតហេតុ បុរសខាងលើជិះម៉ាក ហុងដា ឌ្រីម ចំនួន១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7310 ពីម្តុំភ្លើងស្តុបលូប្រាំ ឆ្ពោះទៅកាន់បន្ទប់ជួលមួយកន្លែងក្បែរស្តុបឫស្សីផ្អែម។ ពេលដល់ភ្លាម មិនទាន់បានបើកទ្វារចូលសម្រាកនោះទេ ឆ្លៀតពេលអង្គុយលេងក្បែរនោះមួយសន្ទុះ។ ក្រោយមកក៏ស្រាប់តែលេចមុខបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ចេញមក ប្រដាប់ដោយកាំបិត ដើរចូលមកកាប់ប្រហារខ្លួនជាច្រើនកាំបិតតែម្តង។ ពេលនោះខ្លួនក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយដែរ តែគ្មានអ្នកណាមកជួយឡើយ។ ចំណែកឯម៉ូតូរបស់ខ្លួនលើ ត្រូវបានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះ ឡើងជិះចេញទៅបាត់ស្រមោលសូន្យឈឹងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃសក៏បានចុះមកដល់ ហើយនាំជនរងគ្រោះដែលបាត់ម៉ូតូខាងលើទៅដាក់ពាក្យបណ្តឹង ដើម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការទៅតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋតែងតែងរអ៊ូរទាំថា តាមផ្លូវបេតុងចាប់ពីម្ដុំឫស្សីផ្អែមរហូតទៅដល់វត្តឬស្សីសាញ់ និង ម្ដុំដីថ្មីក្នុងទឹកដីខណ្ឌដង្កោ និង ខណ្ឌពោធិ៍សែនជ័យ សំបូរក្មេងទំនើងប្រើដាវ និង កាំបិតកាប់ប្លន់ណាស់ ជួនកាលពួកគេឈ្លោះគ្នាខឹងក្មេងទំនើងគ្នាគេមកពីណា ក៏ពួនស្ទាក់កាប់មនុស្សក៏មាន។ យូរៗទៅ ព្រហើនហ៊ានដល់កាប់ប្លន់ទ្រព្យសម្បត្តិតែម្ដង ជាក់ស្ដែងករណីកាប់ប្លន់នេះជាដើម៕

អត្ថបទពាក់ព័ន្ធ

Back to top button