មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវជុំវិញពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលសន្យាថា នឹងបន្តការវាយលុករបស់ខ្លួននៅក្នុងទីក្រុង Rafah ក្នុងតំបន់ហ្គាហ្សាភាគខាងត្បូង។
ដោយគ្រវីទង់ជាតិ និង បដាគាំទ្រប៉ាឡេស្ទីន មនុស្សរាប់ពាន់នាក់បានដើរកាត់តាមដងផ្លូវនៅក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។
មនុស្សជាច្រើនពាក្យដោយសរសេរថា “សន្តិភាពសម្រាប់ប៉ាឡេស្ទីន” និង “កុំព្រងើយកន្តើយនឹងការរងទុក្ខរបស់ប៉ាឡេស្ទីន”។
យ៉ាងហោចណាស់រដ្ឋមន្ត្រី៦រូបមកពីគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី លោក Pedro Sanchez ក៏បានចូលរួមក្នុងបាតុកម្មនេះផងដែរ ៥នាក់មកពីគណបក្ស Sumar ឆ្វេងនិយម ដៃគូចម្រុះវ័យក្មេងរបស់លោក ក៏ដូចជារដ្ឋមន្ត្រីដឹកជញ្ជូន លោក Oscar Puente នៃគណបក្សសង្គមនិយមរបស់នាយករដ្ឋមន្ត្រីផងដែរ។
លោក Puente បានប្រាប់អ្នកយកព័ត៌មាននៅពេលចាប់ផ្តើមការហែក្បួនថា “យើងត្រូវការបទឈប់បាញ់ជាបន្ទាន់ ការបញ្ចប់ការសម្លាប់ និង ការវាយប្រហារប្រឆាំងនឹងជនស្លូតត្រង់ យើងត្រូវសម្រេចបាននូវការដោះលែងចំណាប់ខ្មាំងទាំងអស់”។
នៅក្នុងទីក្រុឡុងដ៍របស់ចក្រភពអង់គ្លេស មនុស្សប្រមាណ២៥០,០០០នាក់ បានចូលរួមក្នុងការតវ៉ាទាមទារឲ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមអង្កការយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន។
ការតវ៉ាដែលគាំទ្រប៉ាឡេស្ទីនក៏បានកើតឡើងនៅក្នុងប្រទេសស៊ុយអែត និង ប្រទេសដទៃទៀត ដែលប្រជាជនបានទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួនទៅលើទីក្រុង Rafah ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់៕
ប្រភព៖ AL JAZEERA, ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤