ក្នុងពិធីសម្ពោធទីស្នាក់ការថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅទីក្រុងភ្នំពេញ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃទី១២មិថុនានេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ ថានឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។
យ៉ាងណាមិញ ទល្ហីករណ៍ចំពោះកំណើនសេដ្ឋកិច្ច៦%នេះ គឺផ្អែកទៅលើការកើនឡើងនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងសំណង់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យបញ្ជាក់បន្ថែមថា៖ « កំណើននេះត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសដៃ គូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តរក្សា ស្ថិរភាព និងនិន្នាការវិជ្ជមាន គួបផ្សំនឹងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុង ការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន»។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% នៅឆ្នាំ២០២៤ និង៦,០% ក្នុងឆ្នាំ២០២៥។
បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ នឹងត្រូវបានគាំទ្រដោយផលិតកម្មដែលផ្តោតលើការនាំចេញកាន់តែខ្លាំង។ វាក៏រំពឹងថាអតិផរណាដែលជាមធ្យម ២,១ ភាគរយក្នុងឆ្នាំ២០២៣ ដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃថាមពលសកល នឹងនៅតែមានប្រហែល ២ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្ម សំណង់ និងអចលនទ្រព្យត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតមធ្យមនៅឆ្នាំនេះ។
គួររំលឹកថា នៅឆ្នាំ២០២៣ GDPរបស់កម្ពុជាបានកើនឡើងយឺតចំនួន ៥ភាគរយ បើធៀបនឹងកំណើន ៥,២ ភាគរយក្នុងឆ្នាំ២០២២។ កាលពីឆ្នាំមុន ទិន្នផលឧស្សាហកម្មបានធ្លាក់ចុះប្រមាណ ០,២ ភាគរយ ដោយសារតម្រូវការអន្តរជាតិធ្លាក់ចុះ។
ទោះបីជាមានការធ្លាក់ចុះ១២,១ ភាគរយនៃការនាំចេញទំនិញធ្វើដំណើរ ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលគ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងសំបកកង់រថយន្តបានកើនឡើង ២៨,៤ ភាគរយ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការសម្រួលលើ ច្បាប់វិនិយោគដើម្បីទាក់ទាញគម្រោងនានា។ នេះជាជំហានមួយរបស់កម្ពុជាដើរលើផ្លូវឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕