នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១,៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនេះ សម្ដេចធិបតីបានថ្លែងជំរុញឱ្យប្រជាកសិករ ខិតខំពង្រឹង និងពង្រីកការធ្វើកសិកម្ម បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់ មុននឹងនាំចេញទៅទីផ្សារខាង ក្រៅ។
ការជំរុញរបស់រដ្ឋាភិបាលបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួន ប្រជាជន។ បើតាមប្រសាសន៍របស់សម្ដេច កំណើននៃប្រជាជននឹងធ្វើឱ្យផ្ទៃដីកសិកម្មថយចុះ ជំនួសមកវិញនូវការកើនឡើងនៃវិស័យឧស្សាហកម្ម។
ក្នុងឱកាសនោះ សម្ដេចបានមានប្រសាសន៍ផងដែរថា៖ «រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ទៅលើខេត្តកសិកម្ម មិនមែនតែតម្លៃផលិតផលទេ ទី១មានទីផ្សារ ទី២មានថវិកាដែលនៅសល់ក្រោយការចំណាយអស់។»
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអាណត្តិទី៧នេះប្ដេជ្ញាធ្វើការបន្តពីរដ្ឋាភិបាលអាណត្តមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយបន្តបន្ទាប់ក្នុងការជួយដល់កសិករ របស់យើងនៅទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងៗនៅក្នុងវិស័យកសិកម្ម។
ជាក់ស្ដែងដូចជាការទាក់ទាញវិនិយោគិនពីក្រៅមកដើម្បីវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូជាដើម។ ទាំងនេះមិនត្រឹមតែបានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែក៏បាន បន្ថែមតម្លៃ និងទីផ្សារជូនកសិផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែមទៀត។
ដោយឡែកចំពោះវិស័យវារីវប្បកម្មិវិញក៏ដូចគ្នា ដោយសម្ដេចធិបតី បានជំរុញឱ្យមានការចិញ្ចឹម ត្រីជាលក្ខណៈធម្មជាតិ ការលែងត្រីចូលទៅក្នុងទន្លេជាប្រចាំ ដើម្បីធានាការហូបចុករបស់ប្រជា ពលរដ្ឋ។
សម្ដេចបន្តគូសបញ្ជាក់ទៀតថា៖ «យើងជាប្រទេសកសិកម្ម ធ្វើយ៉ាងណាអាចធានាបាននូវសុវត្ថិភាពស្បៀង និងទំហំនៃការផ្គត់ផ្គង់ បើទោះបីជាចំនួនប្រជាជនមានការកើនឡើងក៏ដោយ»៕