ព័ត៌មានអន្តរជាតិ

រថយន្តបុកអ្នកថ្មើរជើងនៅជិតសាលាក្រុងសេអ៊ូល ស្លាប់៩នាក់ និង របួស៤នាក់

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៩នាក់បានស្លាប់បាត់បង់ជិវិត និង ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងនៅតំបន់ពាណិជ្ជកម្មមួយកន្លែង ក្នុងទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃច័ន្ទ ហើយបានបង្កភាពចលាចលនៅតាមដងផ្លូវ ដែលមានមនុស្សច្រើនកោះករ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap News Agency នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤។

ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកមួយកន្លែងនៅជិតសាលាក្រុងសេអ៊ូល វេលាម៉ោងប្រហែល៩:២៧នាទីយប់ ខណៈដែលរថយន្តបើកបរដោយបុរសអាយុ៦៨ឆ្នាំ បានបើកទៅបុកអ្នកថ្មើរជើងជាច្រើននាក់ ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍។ អ្នកបើកបរ​ត្រូវ​បាន​គេ​និយាយ​ស្តីបន្ទោស​ថា​ បើកបរ​ក្នុង​ល្បឿន​លឿន​ ដោយ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នេះ​។

នៅក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៩​នាក់ មាន​៦​នាក់​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ ខណៈ​៣​នាក់​ត្រូវ​បាន​គេដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​សារតែសភាពនៃសាច់ដុំបេះដូងឈប់កន្ត្រាក់ ហើយ​ក្រោយ​មកបាន​ប្រកាស​ថា​ស្លាប់។ ក្នុង​ចំណោម​អ្នក​របួស​ទាំង​៤​នាក់ មាន​ម្នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​បន្ទាប់​ពី​ទទួលបាននូវការព្យាបាល ចំណែក​ឯអ្នក​ផ្សេង​ទៀត​មិន​មាន​សភាព​ធ្ងន់ធ្ងរនោះ​ទេ។

ប៉ូលិសបានឱ្យដឹង​ថា រថយន្ត​បើកបរ​ក្នុង​ទិស​ដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយ​បាន​បុក​ជាមួយនឹងរថយន្ត​ចំនួន២​គ្រឿង មុន​នឹង​បុក​មនុស្ស។ ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិអាកុល តាម​ការ​ពិនិត្យ​បឋម។

អ្នកបើកបរ​រថយន្ត​ និងភរិយារបស់គាត់ ​ត្រូវ​បាន​​ដឹកបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ​សង្គ្រោះ​ ខណៈ​លោកបាន​ត្អូញត្អែរ​ពី​ការ​ឈឺចាប់។

មន្ត្រីប៉ូលិសម្នាក់បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា ដោយសារតែអ្នកបើកបរក៏មានរបួសដែរ ដូច្នេះគេនៅបន្តការស៊ើបអង្កេតនៅឡើយ។

មន្ត្រី​ប៉ូលីសដដែល​បាន​បន្ថែម​ទៀតថា ការ​ស៊ើបអង្កេត​បឋម​បាន​សន្និដ្ឋាន​ថា អ្នក​បើក​បរ​មិន​ស្រវឹង​នៅ​ពេល​កើត​ហេតុនោះទេ

លោក​បាន​បន្ត​ថា​៖ ទាក់ទង​នឹង​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ យើង​នឹង​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ឆាប់រហ័ស និង​ហ្មត់ចត់​ ដោយ​ផ្អែក​លើ​ពាក្យសម្តីរបស់​អ្នកបើកបរ ការស៊ើបអង្កេតតាមរយៈកាមេរ៉ា​សុវត្ថិភាព​​។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំពេលមានចម្ងល់ថា តើវិធានការគួរត្រូវបានពិចារណា ដើម្បីជួយធានាដល់ការបើកបរប្រកបដោយសុវត្ថិភាពក្នុងចំណោមមនុស្សវ័យចំណាស់៕

អត្ថបទពាក់ព័ន្ធ

Back to top button