ព័ត៌មានសេដ្ឋកិច្ច

រុស្សីមានផែនការបង្កើនផ្កាយរណបរបស់ខ្លួនទៅដល់២៦០០គ្រាប់នៅត្រឹមឆ្នាំ២០៣៦

ថ្មីៗនេះប្រធានទីភ្នាក់ងារស្រាវជ្រាវអវកាសជាតិរបស់រុស្សីហៅកាត់ថា Roscosmos លោក Yury Borisov បានអះអាងថារុស្សីកំពុងរៀបចំផែនការក្នុងការដំណើរការផ្កាយរណបរបស់ខ្លួនឲ្យបានទៅដល់២៦០០គ្រាប់ចូលទៅក្នុងទីអវកាសនៅត្រឹមឆ្នាំ២០៣៦ខាងមុខ។

គួរឲ្យកត់សំគាល់រុស្សីមានបំណងក្នុងការផ្តល់សិទ្ធឲ្យ Sfera ដែលជាគម្រោងមានលក្ខណៈអាជីវកម្មដូចទៅនឹងក្រុមហ៊ុនអាជីវកម្មអវកាសរបស់អាមេរិក Starlink និងក្រុមហ៊ុនអវកាសអង់គ្លេស OneWeb ដែរប៉ុន្តែគម្រោងនេះហាក់ដូចជាមិនសូវទទួលបានជោគជ័យនៅឡើយ។

តាមផែនការ Sfera គ្រោងនឹងបញ្ជូនផ្កាយរណបរបស់ខ្លួនយ៉ាងហោចណាស់៦០០គ្ឬឿងទៅកាន់គន្លងតារាវិថីប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះប្រហែលជានឹងអាចធ្វើបានត្រឹមតែ៣៦០គ្រឿងប៉ុណ្ណោះដោយសារបញ្ហាកាត់បន្ថយខ្ទង់ចំណាយរបស់រដ្ឋាភិបាលខណៈដែលលោក Borisov បានបន្ថែមថាផែនការសរុបរបស់រុស្សីគឺគួរតែមានយ៉ាងហោចណាស់១២០០គ្រឿងដែលត្រូវបានបញ្ជូនចេញ។

កន្លងមករដ្ឋាភិបាលរុស្សីបានអនុម័តកញ្ចប់ប្រាក់ប្រមាណជា១៨០ពាន់លានរូបល (rubles)ឬប្រហែលជា២ពាន់លានដុល្លារដើម្បីបង្ហោះផ្កាយរណបប្រមាណជា១៦២គ្រឿងប៉ុន្តែមកទល់ពេលនេះកញ្ចប់ថវិកាដែលបានទំលាក់មានត្រឹមតែ៩៥ពាន់រូបលប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីផែនការត្រៀមឆ្នាំ២០៣៦ហាក់ដូចជាស្ថិតនៅឆ្ងាយទៅនឹងគោលដៅដោយសារតែលោក Borisov បានថ្លែងកាលពីថ្ងៃទី៣ខែកក្កដាកន្លងមកហើយថារុស្សីនឹងអាចផលិតបានយ៉ាងហោចណាស់២៥០គ្រឿងក្នុងមួយឆ្នាំដែលជាក់ស្តែងពេលនេះរុស្សីផលិតបានត្រឹមតែ១៥គ្រឿងប៉ុណ្ណោះជារៀងរាល់ឆ្នាំពោលគឺខុសគ្នាឆ្ងាយពីសមត្ថភាពដែលធ្លាប់ធ្វើបានដល់ទៅ៤០គ្រឿងក្នុងមួយឆ្នាំ៕

អត្ថបទពាក់ព័ន្ធ

Back to top button