នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ តំណាងសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយនឹង ក្រុមការងារ “ផ្នែកទេសចរណ៍” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ពីវិស័យឯកជនឯណោះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គឺជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន ព្រមទាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)។
ក្រៅពីនោះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងទេសចរណ៍ តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងក្រុមហ៊ុនអាកាសចរណ៍ និងសមាជិក សមាជិកានៃ ក.ផ.ផ ជាច្រើនទៀតផងដែរ។
យ៉ាងណាមិញ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពការងារ និងពិភាក្សាលើឯកសារសំខាន់ៗរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលរួមមាន៖ សេចក្តីព្រាងលក្ខន្តិកៈរបស់ ក.ផ.ផ សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ ប្រភពធនធានទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ផ.ផ និងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។
គួររំលឹកថា រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា។
បើយោងតាមក្រសួងទេសចរណ៍ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ដើម្បីសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។
យ៉ាងណាមិញ សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ ស្ថាប័នទៀត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។
ការសហការគ្នារវាងសមាសភាពស្ថាប័នរដ្ឋ និងឯកជននេះ ជាការចូលរួមយ៉ាងពេញលេញក្នុងការ បង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕