កីឡា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់​គោលការណ៍​អនុញ្ញាត​ឱ្យ​រៀបចំ​ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណរៀងរាល់ឆ្នាំ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ ។

សម្ដេចបានប្រកាសបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញចូលរួមពិធីបើកការការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នេះ បានបើកទ្វារជំហរសម្រាប់អ្នកហាត់គុនថ្មី ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ដែលអាចចូលរួមប្រកួតបាន។ កន្លងមក មានកីឡាករប្រយុទ្ធជាច្រើន ដូចកីឡាជឺជីស៊ូ យូដូ ចំបាប់ ប្រដាល់ ឃីកបុកស៊ីង ការ៉ាតេ និងតេក្វាន់ដូ ជាដើម ហើយកម្ពុជា ក៏ធ្លាប់មានឱកាសចូលរួមប្រកួតយុទ្ធគុនចម្រុះអន្ដរជាតិជាច្រើនលើក ក្នុងនាមកីឡាករយុទ្ធគុនខ្មែរ កីឡាករគុនល្បុក្កតោ ចំបាប់ ការ៉ាតេ និងយូដូ ជាដើមផងដែរ ។

សម្ដេចធិបតីបានបន្ដថា កម្ពុជា​ នៅមានយុទ្ធគុនបុរាណខ្មែរដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន ហើយខ្ញុំបានផ្ដើម និងផ្ដល់ជាគោលការណ៍ឲ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ដើម្បីបើកជំហរទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ។

សម្ដេច​នាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​បន្ថែម​ថា​ «ខ្ញុំ​សូមធ្វើការអំពាវនាវដល់កីឡាករ-កីឡាការិនីយើងនៅទីនេះ យុវជន និងបងប្អូនចូលទស្សនា អ្នកដែលចេះក្បាច់គុនបុរាណខ្មែរ ទាំងប្រជាពលរដ្ឋ ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ គឺនៅខែតុលា ឆ្នាំ២០២៤ នេះ នឹងចាប់ផ្ដើមរាល់ឆ្នាំ រៀងរាល់ខែតុលា យើងនឹងមានរៀបចំការប្រកួត ស្រដៀង AMMA ដែរ ប៉ុន្ដែរបស់ខ្មែរ គឺប្រកួតតែក្បាច់គុនបុរាណខ្មែរ គឺគ្រប់ទម្រង់ទាំងអស់ ល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រងែពេន គុនដំបង ជាដើម គឺអាចដាក់ពាក្យចូលប្រកួតទាំងអស់ ទាំងកងយោធបលខេមរភូមិន្ទ សូមចូលរួមប្រកួតឲ្យបានច្រើនកុះករ ហើយបងប្អូនបរទេសក៏ស្វាគមន៍ តែត្រូវចេះក្បាច់គុនខ្មែរ» ។

គួរបញ្ជាក់ថា​ ការប្រកួត​កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ​  ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។​ ការប្រកួតនេះ មានប្រតិភូ និងអត្តពលិក ២៣៣នាក់ មកពី ១៨ប្រទេសចូលរួម រួមមានកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន សិង្ហបុរី ចិនហុងកុង ចិនតៃប៉ិ ចិនម៉ាកាវ ចិន បារ៉ែន និងអារ៉ាប៊ីសាអ៊ូឌី ៕

អត្ថបទពាក់ព័ន្ធ

Back to top button