សហគមន៍អេកូទេសចរណ៍ជីផាត ជាឈ្មោះសហគមន៍មួយដែលស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ សហគមន៍មួយនេះបានកកើតឡើងតាំងតែពីឆ្នាំ ២០០៧មកម្លេះ ដោយបច្ចុប្បន្ន សហគមន៍នេះមានប្រជាជនចំនួនជាង ៦០០គ្រួសារ។
សហគមន៍អេកូទេសចរណ៍ជីផាតផងដែរ មានភាពល្បីល្បាញដោយសារតែភាពអំណោយផលនៃ ទីតាំងភូមិសាស្ត្រ។ អំណោយផលព្រោះតំបន់នេះសម្បូរទៅដោយ ព្រែក ជ្រោះ ព្រៃ ភ្នំ ដែលបង្កើតបានជាទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនៅរាល់រដូវវស្សាម្ដងៗ។
ផ្អែកលើមូលហេតុទាំងនេះ សហគមន៍អេកូទេសចរណ៍ជីផាតអាចទាក់ទាញចិត្តអ្នកទេសចរទាំងក្នុង និងក្រៅស្រុក ជាមួយនឹងសម្រស់ធម្មជាតិរបស់ខ្លួនបានយ៉ាងងាយស្រួល។
លោក អ៊ន សុវណ្ណ ដែលជាប្រធានសហគម៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា ពីមួយឆ្នាំ ទៅមួយឆ្នាំ សហគមន៍របស់លោកបានទទួលភ្ញៀវទេសចរទាំងជនជាតិខ្មែរ និងភ្ញៀវអន្តរជាតិចម្រុះគ្នា តែម្ដង។
ប្រធានសហគមន៍រូបនេះក៏បានបញ្ជាក់ឱ្យដឹងទៀតថា ភ្ញៀវអន្តរជាតិជាភ្ញៀវដ៏សំខាន់សម្រាប់ សហគមន៍ ពោលគឺរាប់តាំងពីបង្កើតមក សហគមន៍បានទទួលភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវក្នុងស្រុក។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនក្នុងស្រុកហាក់មានទំនោរទៅទស្សនាតំបន់ធម្ម ជាតិច្រើនជាងមុន។ ជាក់ស្ដែង ក្នុងរយៈពេល៦ខែ នៃឆ្នាំ ២០២៤នេះ សហគមន៍បានទទួលភ្ញៀវក្នុងស្រុកច្រើនជាងភ្ញៀវអន្តរជាតិទៅទៀត។ នេះបើតាមការឱ្យដឹងរបស់លោក អ៊ន សុវណ្ណ។
លោកបានបន្តឱ្យដឹងទៀតថា ទំនោរទស្សនាតំបន់ធម្មជាតិរបស់ប្រជាជនក្នុងស្រុកបែបនេះ គឺជារឿងល្អ ព្រោះជាការធានាមួយផ្នែកទៅដល់ជីវភាពប្រជាសហគមន៍។ ជាក់ស្ដែង ក្នុងពេលដែល ពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ភ្ញៀវទេសចរអន្តរជាតិបានថយចុះយ៉ាងគំហុក ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាសហគមន៍។
យ៉ាងណាមិញ បច្ចុប្បន្ននេះសហគមន៍បានបង្កើតបន្ថែមនូវកញ្ចប់សេវាកម្មជាច្រើន ដើម្បីអាចទាក់ទាញភ្ញៀវទេសចរទៅទស្សនាឱ្យបានកាន់តែកុះករ។ កញ្ចប់សេវាកម្មទាំងនោះរួមមានដូចជា៖ ផ្ទះស្នាក់បែបសហគមន៍ ការជិះកង់កម្សាន្ដក្នុងសហគមន៍ ការជិះកៃយ៉ាក ការជូនភ្ញៀវឡើងភ្នំ និងការជូនភ្ញៀវទៅទីតាំងប្រវត្តិសាស្ត្រមួយចំនួនផងដែរ។
តាមរយៈកញ្ចប់សេវាកម្មដ៏សម្បូរបែបនេះ លោក អ៊ន សុវណ្ណ រំពឹងថាអ្នកទេសចរកាន់តែមានជម្រើស ច្រើនក្នុងការទស្សនាសហគមន៍ ដែលជាការរួមចំណែកដ៏ធំធេងទៅក្នុងសេដ្ឋកិច្ចប្រជាសហគមន៍នៅ ទីនោះដោយផ្ទាល់ និងដោយប្រយោល៕