ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែលអំពីសុវត្ថិភាពជនស៊ីវិលក្នុងការវាយប្រហារទៅលើទីក្រុង Rafah ដែលបានគ្រោងទុក

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែលអំពីការវាយប្រហារតាមជើងគោក ដែលអាចកើតមានឡើងចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ក្នុងគោលបំណងធានាសុវត្ថិភាពរបស់អ្នកស្រុកប៉ាឡេស្ទីន ដែលមានមនុស្សជាង១.៤លាននាក់ កំពុងស្នាក់នៅទីនោះ។

ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ លោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រតិបត្តិការដ៏សំខាន់មួយទៅលើទីក្រុង Rafah នឹងក្លាយជាគ្រោះមហន្តរាយ” ដោយគ្មានផែនការដែលអាចទុកចិត្តបាន ដើម្បីឱ្យប្រាកដថា អ្នកស្រុកមានកន្លែង ដែលពួកគេអាចមានសុវត្ថិភាព និង មានសន្តិសុខបាន។

លោក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​​ពិភាក្សា​ជាមួយ​សមភាគី​អ៊ីស្រាអែល​អំពី​អ្វី​ដែល​ផែនការ​នោះ​អាច​នឹង​លេចចេញជា​រូបរាង​ឡើង។

កាលពីថ្ងៃព្រហស្បតិ៍ អូស្ត្រាលី កាណាដា និង នូវែលសេឡង់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបាននិយាយថា “គ្មានកន្លែងណាផ្សេងទៀតសម្រាប់ជនស៊ីវិលនៅទីនោះ ដែលត្រូវតែទៅនោះទេ” ហើយបានទទួចឲ្យអ៊ីស្រាអែល កុំឱ្យធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវគោកទៅលើទីក្រុង Rafah។

ខុទ្ទកាល័យប្រធានាធិបតីបារាំងបាននិយាយថា ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហូ តាមទូរស័ព្ទកាលពីថ្ងៃពុធថា ការផ្លាស់ទីលំនៅដោយបង្ខំណាមួយនៃចំនួនប្រជាជន អាចជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិដ៏ខ្លាំងក្លា៕

ប្រភព៖ NHK, ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button