អង្គការការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារថា សាកសពជនជាតិប៉ាឡេស្ទីនចំនួ៤២នាក់ ត្រូវបានយកចេញពីគំនរបាក់បែកនៅភាគខាងកើត នៃទីក្រុង Khan Younis ភាគខាងត្បូង នៃតំបន់ ហ្គាហ្សា ស្ទ្រីប បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែលចេញ។
អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា អង្គការការពារជនស៊ីវិលប៉ាឡេស្ទីន បានយកសាកសពចេញពីតំបន់ Bani Suhaila ហើយបានទទួលរបាយការណ៍ចំនួន២០០ នៃប្រជាជនប៉ាឡេស្ទីន ដែលកំពុងបាត់ខ្លួននៅភាគខាងកើត នៃទីក្រុង Khan Younis ចាប់តាំងពីប្រតិបត្តិការ បានចាប់ផ្តើមនៅថ្ងៃទី២២ ខែកក្កដា។ ខ្លួនបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីយកសាកសពដែលនៅសេសសល់ចេញ។
អង្គការនេះ ក៏បានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានរារាំងសមាជិកក្រុមការងាររបស់ខ្លួនពីការជួយសង្គ្រោះអ្នករបួស បណ្តាលឱ្យមានការស្លាប់ និង ការរលួយជាបន្តបន្ទាប់ នៃសាកសពរបស់ពួកគេ ដែលខ្លួនចាត់ទុកថា ជាការរំលោភលើសិទ្ធិជាមូលដ្ឋាន។
ប្រភព និង សាក្សីក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនរបស់ប្រទេសចិនហួថា កងទ័ពអ៊ីស្រាអែល បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងផ្ទះ អគារលំនៅដ្ឋាន វិហារអ៊ីស្លាម និង ទីបញ្ចុះសព។
តាមប្រភព និង សាក្សីដដែល បានឱ្យដឹងបន្ថែមទៀតថា ក្រោយការដកទ័ពរបស់អ៊ីស្រាអែលចេញ ប្រជាពលរដ្ឋរាប់សិបគ្រួសារបានវិលត្រឡប់ទៅលំកាន់នៅឋានរបស់ពួកគេវិញ។
កាលពីថ្ងៃអង្គារ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅក្នុងតំបន់ហ្គាហ្សារបស់ក្រុមហាម៉ាស បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២៥៥នាក់ ត្រូវបានសម្លាប់ និង ប្រហែល៣០០នាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ នៅភាគខាងកើត នៃទីក្រុង Khan Younis។ បន្ថែមលើនេះ ផ្ទះ និង អគារលំនៅឋានប្រមាណ៣២០ខ្នង ត្រូវបានបំផ្ទុះចោល។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ចប់សកម្មភាពប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និង ប្រតិបត្តិការ “ភេរវករ” នៅក្នុងតំបន់ Khan Younis។
សេចក្តីថ្លែងការណ៍បានថ្លែងថា “ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងទ័ពបានកំចាត់ភេរវករជាង១៥០នាក់ រុះរើផ្លូវរូងក្រោមដីភេរវកម្ម កន្លែងផ្ទុកអាវុធ និង ហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ និង ទីតាំងអាវុធ”។
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល១,២០០នាក់ ត្រូវបានសម្លាប់ និង ជាង២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤