(ព័ត៌មានបឋម)៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបចំនួន២គ្រឿងគឺ រថយន្ត HONDA CR-V ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2163 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និង រថយន្ត PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1069 បើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យអ្នកបើកឡាំពីតា (កង់បីឥណ្ឌា ឬ PassApp) ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0927 រងរបួសស្រាលត្រង់ស្មាខាងស្តាំ និង ស្ត្រីជនជាតិបរទេសជាភ្ញៀវចំនួន២នាក់ ដែលកំពុងជិះនៅក្នុងនោះ រងរបួស ហើយត្រូវបានបញ្ជួនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្រោះភ្ញាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បែររបងស្ថានទូតសហព័ន្ធរុស្ស៊ី តាមបណ្តោយមហាវិធីសម្តេចសុធារស ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តជនជាតិចិន បានបើកវ៉ាជែងជាមួយនឹងរថយន្ត១គ្រឿងទៀត ក៏បានជ្រុលទៅបុកចំខាងស្តាំនៃឡាំពីតា ដែលកំពុងធ្វើដំណើរតាមផ្លូវដូចគ្នាឡើងខ្ទាត។ គាប់ជួនឡាំពីតានោះ ក៏ត្រូវបានរថយន្តកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា បុកបន្ថែមទៀត បណ្តាលឱ្យក្រឡកមនុស្សនៅក្នុងនោះ ធ្វើឱ្យរងរបួស។ បន្ទាប់ពីបានបុកឡាំពីតាហើយ រថយន្តនោះ ក៏រេចង្កូតទៅបុករថយន្ត HONDA CR-V ខាងលើតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចរដ្ឋបាលខណ្ឌចំការមនក៏បានមកដល់ ហើយក៏សាកសួរ ចុះវាស់វែងកន្លែងកើតហេតុ និង នាំយកជនបង្កនោះទៅប៉ុស្តិ៍ដើម្បីសាកសួរតាមសម្រួល ក៏ប៉ុន្តែត្រូវជនជាតិនោះជេរប្រមាថមើលងាយ ទើបកម្លាំងសមត្ថកិច្ច បង្ខំចិត្តចាប់វាយកោះដៃ រួចបញ្ជូនទៅប៉ុស្តិ៍។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕