ព័ត៌មានជាតិ

ឡើងទៅដេកលើផ្ទះ ភ្លេចបិទចង្ក្រានហ្គាស ឆេះផ្ទះបាយអស់១ខ្នងនៅ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

កាលពីវេលាម៉ោង៣:១០នាទីទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើង បណ្តាលឆេះផ្ទះបាយរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នង ដែលមានទីតាំងស្ថិនៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា កាលពីកាលពីវេលាម៉ោង៣:១០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍ព្រះពន្លាបានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ឡុក យ៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ បានរាយការណ៍ថា មានកណីអគ្គិភ័យឆាបឆេះផ្ទះបាយចំនួន១ខ្នងនៅ ភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្ដិ៍បានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគម ឃើញថា មានករណីអគ្គិភ័យពិតប្រាកមែន ដោយសារតែម្ចាស់ផ្ទះបានបើកចង្ក្រានហ្គាស ដាំបបរឲ្យកូន រួចហើយក៏បានឡើងទៅដេកលើផ្ទះ មានការធ្វេសប្រហែស មិនបានបិទចង្ក្រានបានត្រឹមត្រូវ។

ប្រភពដដែលបានបន្តឲ្យដឹងបន្ថែមទៀតថា ផ្ទះបាយរបស់ប្រជាពលរដ្ឋ ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ ម្ចាស់ផ្ទះឈ្មោះ សេន សារ៉ូត ភេទស្រី ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ បណ្តាលឲ្យសម្ភារ:មួយចំនួនរងការខូចខាត រួមមាន៖ ផ្ទះបាយមួយខ្នង សង់អំពីឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ, ម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ចំនួន១គ្រឿង, អង្ករចំនួន១បេ និង សម្ភារ:ផ្ទះមួយចំនួន ចង្ក្រានហ្គាសចំនួន១ និង ហ្គាសចំនួន១២កំប៉ុង។ អគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button