ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ និងចក្រភពអង់គ្លេសជម្រុញអ៊ីស្រាអែលលើតួនាទីនៃដំណោះស្រាយរដ្ឋពីរក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា

អង្គការសហប្រជាជាតិ និងចក្រភពអង់គ្លេសបាននិយាយថា ដំណោះស្រាយរដ្ឋពីរគឺជាគន្លឹះក្នុងការនាំយកសន្តិភាពនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅពេលដែលការជម្រុញអន្តរជាតិប្រឆាំងនឹងការបដិសេធរបស់អ៊ីស្រាអែលចំពោះភាពជារដ្ឋប៉ាឡេស្ទីនកើនឡើង។

រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃពុធនេះ ខណៈដែលលោកចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលលោកនឹងបញ្ជាក់ពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេសសម្រាប់ដំណោះស្រាយរដ្ឋពីរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស កាលពីថ្ងៃអង្គារបានទទូចថា ការបដិសេធនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីននឹងអូសបន្លាយសង្គ្រាមនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ឱ្យកាន់តែយូរ។

សេចក្តីថ្លែងការណ៍នេះគឺឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាសកល បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហូ កាលពីសប្តាហ៍មុនបាននិយាយថា លោកប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីនឯករាជ្យ ហើយប្រទេសរបស់លោកត្រូវការការគ្រប់គ្រងសន្តិសុខពេញលេញលើទឹកដីប៉ាឡេស្ទីន។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ហ្គូតែរ៉េស បានហៅការបដិសេធរបស់អ៊ីស្រាអែលចំពោះដំណោះស្រាយរដ្ឋពីរនេះថា “មិនអាចទទួលយកបាន” ។

លោក ហ្គូតែរ៉េស បានព្រមានថា “ការបដិសេធនេះ និងការបដិសេធសិទ្ធិក្នុងភាពជារដ្ឋសម្រាប់ប្រជាជនប៉ាឡេស្ទីន នឹងអូសបន្លាយជម្លោះដោយគ្មានកំណត់ ដែលបានក្លាយទៅជាការគំរាមកំហែងដ៏ធំដល់សន្តិភាព និងសន្តិសុខពិភពលោក” ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ក៏ត្រូវបានកំណត់ផងដែរ ដើម្បីលើកយកប្រធានបទនេះ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា។

ការិយាល័យបរទេសចក្រភពអង់គ្លេស ខំមិនវែល និងអភិវឌ្ឍន៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Cameron នឹងមកដល់នៅថ្ងៃពុធក្នុងប្រទេសអ៊ីស្រាអែល។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏ត្រូវបានគ្រោងទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល, ប្រទេសកាតា និងប្រទេសតួកគី ក្នុងក្តីសង្ឃឹមនៃការសម្រេចបាននូវ “បទឈប់បាញ់ប្រកបដោយនិរន្តរភាព” នៅតំបន់ហ្គាហ្សា។

ការិយាល័យការបរទេសបាននិយាយថា នៅក្នុងតំបន់ West Bank លោក Cameron នឹងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងគូសបញ្ជាក់ពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេសសម្រាប់ដំណោះស្រាយរដ្ឋពីរ “រហូតទាលតែអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចរស់នៅជាមួយគ្នាដោយសន្តិភាពបាន”។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីន ចំនួន ២៥,៧០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងជម្លោះ។ ភាគច្រើននៃប្រជាជន ២.៣ លាននាក់នៅក្នុងហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយមនុស្សធម៌។

ប្រភព៖ AL JAZEERA, ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button