ក្រុមការងារនៅឯវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប្រទេសចិននៅសប្តាហ៍នេះបានអះអាងថាពួកគេបានរកឃើញប្រភេទស្លែម្យ៉ាងដែលកំពុងវត្តមាននៅវាលរហោស្ថាននៃប្រទេសចិននិងមានភាពស៊ូទ្រាំខ្ពស់នឹងអាចយកទៅដាំដុះនៅលើភពព្រះអង្គារបាន។
របាយការណ៍ស្រាវជ្រាវបានសរសេរថានៅពេលដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងលក្ខខណ្ឌអាកាសធាតុស្រដៀងទៅនឹងភពអង្គារស្លែដែលគេស្គាល់ឈ្មោះថា Syntrichia Caninervis មិនត្រឹមតែអាចបន្តមានជីវិតនៅក្នុងស្ថានដីដែលហួតហែងខ្លាំងនោះទេថែមទាំងអាចបន្តលូតលាស់នៅក្នុងអាកាសធាតុចុះត្រជាក់ខ្លាំងនិងក្នុងបរិយាកាសដែលមាសារជាតុវិទ្យុសកម្មខ្ពស់ផង។
ការប្រកាសជាផ្លុវការដោយវិទ្យាសាស្ត្រស្រាវជ្រាវចិនកាលពីថ្ងៃទី១ខែកក្កដានេះបានសរសេរទៀតថាស្លែប្រភេទនេះគឺនឹងអាចដើរតួជាជីវៈមូលដ្ឋានបំផុតក្នុងការបង្កើតនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីតាមរយៈការចែករំលែកអុកស៊ីសែននិងផលិតអុកស៊ីសែនថ្មីក៏ដូចជាសារជាតិកាបូនព្រមទាំងជីសម្រាប់ធ្វើការកសិកម្ម។
ក្រុមការងារបន្តបញ្ជាក់ថាស្លែទាំងនោះក៏អាចជួយជំរុញដំណើរការបរិយាកាស ភូគព្ភសាស្ត្រ និងអេកូឡូស៊ីដែលទាមទារសម្រាប់រុក្ខជាតិ និងសត្វផ្សេងទៀត ខណៈពេលដែលជួយសម្រួលដល់ការបង្កើតបរិយាកាសដែលអាចរស់នៅបានថ្មីដែលអំណោយផលដល់ការតាំងទីលំនៅរបស់មនុស្សក្នុងរយៈពេលវែងនាពេលអនាគត។
នៅក្នុងការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញទៀតថា សូម្បីតែបន្ទាប់ពីបាត់បង់ជាតិទឹកច្រើនជាង៩៨ភាគរយនៃកោសិការបស់វាក៏ដោយ ក៏ស្លែអាចងើបឡើងវិញព្រមទាំងធ្វើសកម្មភាពរស្មីសំយោគ និងសរីរវិទ្យាភ្លាមក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីវាត្រូវបានផ្តល់ជាតិទឹក។
គួរឲ្យដឹងដែរថាបច្ចុប្បន្នទាំងអាមេរិកនិងចិនបានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវដើម្បីអាចពិនិត្យលទ្ធភាពបានថាតើភពក្រហមនេះនឹងអាចក្លាយទៅជាទីតាំងសម្រាប់មនុស្សរស់នៅឬក៏យ៉ាងណា៕