បច្ចុប្បន្ននេះ ការបង់រំលោះកំពុងមានការពេញនិយមពីសំណាក់ប្រជាជនភាគច្រើន ដែលមិនចង់ប្រើប្រាស់សាច់ប្រាក់ទាំងស្រុងក្នុងការទិញសម្ភារៈណាមួយ។ ការបង់រំលោះក៏ជាមធ្យោបាយដ៏មានប្រ សិទ្ធភាពមួយ សម្រាប់អ្នកដែលមិនមានថវិកាគ្រប់គ្រាន់ផងដែរ។
ថ្វីត្បិតថាការបង់រំលោះមានភាពបត់បែន និងងាយស្រួល ប៉ុន្តែមុនសម្រេចចិត្តបង់រំលោះ គេក៏ត្រូវ មើលទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖
១. ចៀសវាងការប្រើប្រាស់កម្ចីក្រៅផ្លូវការ
កម្ចីក្រៅផ្លូវការ សំដៅទៅលើប្រភេទកម្ចីដែលមិនស្របច្បាប់ ហើយមិនមានការទទួលស្គាល់ពី ធនាគារនៃកម្ពុជា។ កម្ចីក្រៅផ្លូវការអាចរួមមាន កម្ចីតាមអនឡាញ និងការចងការប្រាក់ជាដើម។
ដោយសារតែកម្ចីប្រភេទនេះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ ដូច្នេះអាត្រាការប្រាក់ គឺអាស្រ័យទៅលើបុគ្គលផ្ដល់កម្ចីជាអ្នកកំណត់ ដែលនេះជាហានិភ័យខ្ពស់មួយសម្រាប់អ្នកប្រើ ប្រាស់។
ករណីមួយចំនួន ដោយសារតែការប្រាក់ថ្លៃពេក ធ្វើឱ្យអតិថិជនមិនអាចសងត្រឡប់វិញ បានកើតជា រឿងហេតុរឹបអូស ឬដល់ថ្នាក់ប្រើប្រាស់វិធីសាស្ត្រគម្រាមប្រើអំពើហិង្សាជាដើម។
២. បង់រំលោះជាមួយនឹងស្ថាប័នផ្ដល់កម្ចីផ្លូវការ
ដើម្បីចៀសនូវហាភ័យទាំងនោះ ប្រជាជនគួរជ្រើសរើសស្ថាប័នផ្ដល់កម្ចីផ្លូវការដែលរួមមាន ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យា។ មុននឹងទទួលបានកម្ចី ស្ថាប័នស្របច្បាប់ទាំងនេះ នឹងមាន ការសិក្សាពីចំណូលចំណាយរបស់អតិថិជនច្បាស់លាស់ ដើម្បីធានាថាអតិថិជនមានលទ្ធភាពក្នុងការ បង់រំលោះបាន។
ថ្វីត្បិតថា ការសិក្សាអាចមានរយៈពេលយូរជាកម្ចីឯកជន ប៉ុន្តែហានិភ័យនៃការសងត្រឡប់ក៏ទាបទៅ តាមនោះផងដែរ។ ម្យ៉ាងដោយស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិផង អតិថិជនអាចស្វែងរក អន្តរាគមន៍បាន ក្នុងករណីដែលមិនពេញចិត្តសេវាកម្មរបស់ស្ថាប័នណាមួយ។
៣. ភាពចាំបាច់ក្នុងការបង់រំលោះ
បើទោះបីជាអតិថិជនបានប្រើប្រាស់កម្ចីផ្លូវការហើយក៏ដោយ ប៉ុន្តែប្រសិនបើមិនបានគិតគូពី គោលដៅក្នុងការបង់រំលោះឱ្យបានច្បាស់លាស់ទេ វាក៏អាចប៉ះពាល់ដល់សេដ្ឋកិច្ចអតិថិជនផងដែរ។
ឧទាហរណ៍ជាក់ស្ដែងថា បុគ្គលម្នាក់ប្រើប្រាស់សេវាកម្មបង់រំលោះ ដើម្បីទិញយានយន្ដ ទាំងដែលរូបគេមិនមានតម្រូវការចាំបាច់ ពោលគឺរថយន្ដនោះគ្រាន់តែជាសម្ភារៈនិយមប៉ុណ្ណោះ។ ករណីបែបនេះ ជាការបង្កើនចំណាយទៅលើរបស់ដែលមិនចាំបាច់ ដែលវានឹងកាន់តែមានហានិភ័យ ខ្ពស់សម្រាប់អ្នកដែលមានជីវភាពមិនធូធារ។
ដូច្នេះ ប្រសិនបើអាចពិនិត្យមើលចំណុចសំខាន់ៗទាំងនេះ មុននឹងសម្រេចចិត្តប្រើសេវាកម្មបង់រំលោះ ប្រជាជនទំនងជាអាចចៀសផុតពីហានិភ័យផ្នែកហិរញ្ញវត្ថុបានមួយផ្នែកធំ៕