បច្ចេកវិទ្យា

៣ចំណុចត្រូវធ្វើ នៅពេលទូទាត់ប្រាក់ខុសគណនី

ភ្នំពេញ : បច្ចុប្បន្ននេះ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជ្រួតជ្រាបពាសពេញការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនស្ទើរតែទូទាំងពិភពលោកទៅហើយ។ សម្រាប់កម្ពុជាក៏ដូចគ្នា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងរហ័សទៅលើរបៀបនៃការទូទាត់សាច់ប្រាក់។

ប្ដូរពីការកាន់សាច់ប្រាក់ជាប់ខ្លួនដើម្បីទិញទំនិញ បច្ចុប្បន្នប្រជាជនទុកប្រាក់នៅក្នុងកាបូប​អេឡិចត្រូនិក (E-wallet) ហើយធ្វើការទូទាត់ប្រាក់ដោយប្រើប្រាស់ត្រឹមតែទូរស័ព្ទដៃវៃឆ្លាតមួយគ្រឿង។

ប៉ុន្តែយ៉ាងណា ជារឿយៗអ្នកប្រើប្រាស់ក៏នៅតែជួបប្រទះនូវការផ្ទេរប្រាក់ខុសគណនី ហើយពួកគេ​ព្យាយាមរកវិធីដោះស្រាយដើម្បីបានប្រាក់នោះត្រឡប់មកវិញ។ ដូច្នេះហើយ ទាំងនេះជាចំណុចដែលត្រូវធ្វើបន្ទាប់ពីបានផ្ទេរប្រាក់ខុសគណនីដែលខ្លួនចង់ផ្ទេរ។

១. ចរចាផ្ទាល់ជាមួយនឹងម្ចាស់គណនីដែលបានផ្ទេរចូលនោះ

នេះជាដំណោះស្រាយមួយដែលភាគីផ្ទេរប្រាក់ ទំនាក់ទំនងទៅចរចាជាមួយភាគីដែលបានទទួល​ប្រាក់ ដើម្បីឱ្យភាគីទទួលប្រាក់បាញ់ប្រាក់ត្រឡប់មកវិញ។ 

២. រាយការណ៍ទៅធនាគារ

ប្រសិនបើការទាក់ទងទៅភាគីដែលទទួលប្រាក់មិនបានឆ្លើយតប ឬបង្ហាញចេតនាមិនចង់បាញ់ប្រាក់ត្រឡប់មកវិញ ភាគីផ្ទេរប្រាក់ត្រូវរាយការណ៍ទៅកាន់ធនាគារដែលខ្លួនកំពុងប្រើប្រាស់សេវាកម្មឱ្យបានដឹង ដើម្បីធនាគារនោះបង្កកសាច់ប្រាក់នៅក្នុងគណនីអ្នកទទួលដោយមិនឱ្យមានចរន្ដ។

៣. ដាក់ពាក្យបណ្ដឹងទៅធនាគារ

ការរាយការណ៍តែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ។ នៅក្នុងរយៈពេល១សប្ដាហ៍ រាប់ចាប់ពីថ្ងៃដែលរាយការណ៍ករណីផ្ទេរប្រាក់ខុសគណនីនោះ ប្រសិនបើភាគីដែលជាអ្នកផ្ទេរ មិនបានទៅដាក់ពាក្យបណ្ដឹងទៅតាមច្បាប់ទេ ធនាគារក៏មិនអាចរកនិតិវិធីដោះស្រាយជូនបានដូចគ្នា។ 

មិនអាចដោះស្រាយបាន ព្រោះធនាគារមិនអាចទៅបញ្ចេញព័ត៌មានឯកជនភាពរបស់ភាគីម្ខាងទៀត ឬទៅសម្របសម្រួលសុំការផ្ទេរប្រាក់ត្រឡប់មកវិញនោះទេប្រសិនបើគ្មានពាក្យបណ្ដឹងតាមច្បាប់នោះ៕

អត្ថបទពាក់ព័ន្ធ

Back to top button