រាប់ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ អន្តរជាតិសរុបចំនួន ២,៦៤០,៩៩៩នាក់ ដែលចំនួននេះកើនឡើង ២២.១% បើធៀបទៅនឹងរយៈ ពេលដូចគ្នានៃឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។
បើតាមក្រសួងដដែល ក្នុងចំណោមភ្ញៀវដែលចូលមកកម្ពុជាទាំងជាង ២លាននាក់នោះ
មានភ្ញៀវទេសចរដែលចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧នាក់។
រីឯភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេរួមមានដូចជា៖ ទេសចរជនជាតិថៃ
វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ប្រទេសបារាំង
ចក្រភពអង់គ្លេស និង ចុងក្រោយគឺទេសចរជនជាតិជប៉ុន។
ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០នាក់ ដែលបានកើនឡើង ៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្នុងនោះ គោលដៅទេសចរណ៍ធំៗដែលភ្ញៀវទេសចរក្នុងស្រុកនិយមទៅទស្សនាមានដូចជា៖
រាជធានីភ្នំពេញ ប្រមាណ ១លាន នាក់ ខេត្តសៀមរាប ប្រមាណ ៤៧ម៉ឺននាក់ តំបន់ឆ្នេរប្រមាណ ២៤ម៉ឺននាក់ តំបន់អេកូទេសចរណ៍ ប្រមាណជិត២ម៉ឺននាក់ និងតំបន់ផ្សេងៗទៀត ប្រមាណ ៨ម៉ឺន នាក់។
គួររំលឹកថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់៕