ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករា ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)  នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី និងខេត្ត ដែលជាអនុប្រធាន សមាជិក សមាជិកា គ.ល.គ.យ.អ. ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

នៅអំឡុងពេលនៃប្រជុំនេះ សមាជិក សមាជិកា នៃអង្គប្រជុំ បានធ្វើការពិភាក្សា ផ្លាស់ប្តូរគំនិត និងមតិយោបល់ជាមួយគ្នាទៅវិញទៅមកយ៉ាងផុលផុស ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់បានជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិនានា សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែលម្អិតស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមតួនាទីភារកិច្ច ដែលបានដាក់ចេញតាមរយៈអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គ.ល.គ.យ.អ.។ ជាមួយគ្នានេះផងដែរ អង្គប្រជុំក៏បានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លេខ១៨២សសរ ស្តីពីការកែសម្រួលសមាសភាព គ.ល.គ.យ.អ. ផងដែរ។

សូមបញ្ជាក់ថា គ.ល.គ.យ.អ. ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជាក្នុងការងាររៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ក្នុងទិសដៅគាំទ្រ និង លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានទូលំទូលាយ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែល្អប្រសើរ និងច្រើនឡើងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតង ស្របតាម “យុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន” ដែលបានដាក់ជូន “អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុកាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តគ្រួសារ និងរថយន្តក្រុងអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ ២០៥០៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button